ads

Friday, December 30, 2016

ការផលិតជីធម្មជាតិ

១- សេចក្ដី​ផ្ដើម​ ​ ​សារធាតុ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​សព្វថ្ងៃ​សុទ្ធតែ​ជា​ប្រភេទ​ជី​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​... thumbnail 1 summary

១- សេចក្ដី​ផ្ដើម​

​ ​សារធាតុ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​សព្វថ្ងៃ​សុទ្ធតែ​ជា​ប្រភេទ​ជី​ដែល​មាន​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ឡើយ ។​ បញ្ហានៅត្រង់ថាតើ​ យើង​ត្រូវ​យក​វា​ទៅ​បំ​លែង​ដោយ​​របៀប​​ណា ដើម្បី​បាន​ជា​ជីធម្មជាតិ​នេះ​ទៅ​ចិញ្ចឹម ឬ​ប្រើប្រាស់​លើ​ដំណាំ​របស់​យើង ។ ក្រុមហ៊ុន​ជីធម្មជាតិ EX-M (​ខេ​ម​បូឌា​) ខូ អែល​ធី​ឌី​មាន​អ្នកជំនាញ​ជាច្រើន​ខាង​បំលែង​សារធាតុ ​ទាំងនោះ​ឲ្យទៅ​ជា​​ជីធម្មជាតិ ដោយ​មិន​ចាំបាច់​ចំណាយ​លុយ​ដ៏​សន្ធឹកសន្ធាប់ ដើម្បី​ទិញ​ជីគីមី​ដែលមានសារធាតុពុល​នៅ​ក្បែរ​ខ្លួន​យើង​ឡើយ ។ ខាងក្រោម​ជា​ការបង្ហាញ​ពី​ការធ្វើ​ជី​ស្ងួត​អង្កាម​រស់​ពី​អ្នកបច្ចេកទេស
មួយ​ក្រុម ។​

២- សំភារៈ​ត្រៀម


​​      - ធុង ឬ ប៉ោ​ត ដែល​ដាក់​បាន​ទឹក​ចំណុះ ១០ លីត្រ ចំនួន ១ ។​
​      - ប​ង្គី ចប រនា​ស់ អង្គត់ឈើ​មួយ​ដុំ សំរាប់​វាយ​បំបែក​អាចម៍គោ​ឲ្យ​ម៉ត់ ។​
​      - គំរប​ដក​ទឹក​សុទ្ធ​មាន​ចំណុះ ៥ មី​លី​លីត្រ ឬ ៥ សេ​សេ (​គួរ​មាន​ស៊ឺរាំង​ជា​ការល្អ​) ។​
​      - សំបកបាវ​ក្រចៅ​ចំនួន ១០ សំរាប់​កន្ទក់ ២៥ គីឡូក្រាម រឺ កន្ទេល​ធ្វើ​ពី​កក់ រឺ កណ្ដប​ស្បៅ​៘​
​      - បរិវេណ​លាយ​ជី​គួរតែ​លើ​ផ្ទៃ​ចាក់សាប ឬ​កន្លែង​ដី​ទួល​ស្ងួត ដើម្បី​បង្កើត​កំដៅ​ ​គុណភាព​ជី បើសិនជា​មិន​មាន​គួរ​ជ្រើសរើស​ដី​ទីទួល​ស្ងួត​រឹង​ក៏​បាន​ដែរ ។​

៣- តារាង​ធាតុ​ផ្សំ​ជី​


      ក. អង្កាមរស់ (យកអង្កាមម៉ាស៊ីនធំ) ១រង្វាល់ (ល្អីឬបង្គី)
      ខ. កន្ទក់ ឬដំឡូងមី ឬ ចុងអង្ករ ១រង្វាល់ (ល្អីឬបង្គី)
      គ. លាមកសត្វគ្រប់ប្រភេទ (សំដិលឲ្យស្ងួតហើយម៉ត់) ១រង្វាល់
      ឃ. មេ អ៊ី អឹម ២០ មីលីលីត្រស្មើនឹង ៤គំរបដបទឹកសុទ្ធ
      ង. កាកស្ករ (ស្ករបរិសុទ្ធ ឬស្កររងូ) ២០ មីលីលីត្រ ស្មើនឹង៤គំរបដបទឹកសុទ្ធ
      ច. ទឹកស្អាត (ទឹកភ្លៀង ទឹកអណ្តូង ឬទឹកស្រះ) ១០លីត្រ ។

លក្ខណៈ​ពិសេស​នៃ​ធាតុ​ផ្សំ​ជី :


​ ​     - អង្កាម​រស់ : បើសិនជា​មាន​សន្តី​ស្រូវ ជី​ដែល​ផលិត​បាន​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា។ ហេតុ​នេះ​បងប្អូន​ប្រជាកសិករគួរ​រក្សាទុក​សន្តីស្រូវ​ដើម្បី​ធ្វើ​ជីដាក់​ស្រែ ។ បើសិនជា​គ្មាន​យើង​​ក៏​អាច​យក​​សំបក​សណ្ដែក អង្កាម​រស់​ម៉ាស៊ីន​តូច ឬ​អាចម៍រណារ កំទេចកំទី​ឈើ​តូចៗ​ដែល​មាន​នៅ​កន្លែង​រោងចក្រ​អារឈើ (​អាចម៍​ដែកឈូស​) មក​ជំនួស​ក៏​បាន​ដែរ ។​
​      ​- កន្ទក់ : យក​កន្ទក់​ប្រភេទ​អន់​គុណភាព ជូរ​ផ្អូម​មក​ផលិត​ជី​នេះ​ក៏​បាន​ដែរ ។​

៤- វិធី​ធ្វើ​

​ ​ក​- វិធី​លាយ​ល្បាយ​ផ្សំ​ជី​
​      - ដំបូង​យើង​យក​អង្កាម​រស់ លាមក​សត្វ​ស្ងួត​គ្រប់​ប្រភេទ និង​កន្ទក់​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ក្លាយជា​ល្បាយ​តែមួយ កំនត់​ថា​ល្បាយ​ស្ងួត (​ក)​) ។ បើ​ធ្វើ​ច្រើន​គួរតែ​ប្រើ​ម៉ាស៊ីន​ក្រឡុក
​ស៊ីម៉ង់ត៍​ទើប​សព្វ​ល្អ​។​
​      - យើង​ចាក់ទឹក ១០ លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក ហើយ​ចាក់​កា​កស្ករ ៤ គំរប​ទឹក​សុទ្ធ ឬ​ស្មើនឹង ២០ មី​លី​លីត្រ យើង​កូរ​ល្បាយ​ទឹក​ឲ្យ​សព្វ​កុំឲ្យ​មាន​កាក​សំណល់​ស្ក​រជាប់បាត​ប៉ោ​តទើប​យើង​ចាក់​មេ EX-M ចំណុះ ៤ គំរប ទឹក​សុទ្ធ​ស្មើនឹង ២០ មី​លី​លីត្រ ចូល​ក្នុង​ប៉ោត​ផ្កាឈូក​នោះ រួច​កូរ​ឲ្យ​សព្វ​កំនត់​ថា​ល្បាយ​ទឹក (​ខ)​ ។​
​      - យក​ល្បាយ​ទឹក (ខ) ស្រោច​លើល្បាយ​ស្ងួត (​ក)​ ស្រោច​បណ្ដើរ​ជ្រោយ​ល្បាយ​ស្ងួត(​ក) បណ្ដើរ​រហូត​ដល់​ល្បាយ​នេះ​សំរេចបាន​សំនើម ៥០ ភាគរយ ហៅ​ថា​ល្បាយ​សំនើម (​គ)​ ។


​ ​+ សំនើម ៥០ ភាគរយ​យើង​ត្រូវ​ពិនិត្យមើល​ដូចខាងក្រោម ៖
​      - យក​ល្បាយ​សំនើម (​គ)​ ១ ក្ដាប់​មក​ច្របាច់ បើ​ល្បាយ​នេះ​មិន​បែក​ចេញ​ពី​គ្នា និង​មិន​មាន​ទឹក​ចេញ​តាម​ចន្លោះ​ម្រាមដៃ​ទេ ហើយ​លា​វិញ​មិន​បែក​ជា​ចំនែក​តូចៗ​មានន័យ​ថា មិន​សើម​ពេក និង​មិន​ស្ងួត​ពេក​នោះ​ការ​លាយ​ផ្សំ​របស់​យើង​ពិតជា​បាន​ត្រឹមត្រូវ ។ ល្បាយ​នេះ​គេ​ហៅថា ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ) ។​
​      - បើសិន​ល្បាយ​សំនើម (​គ) មាន​សំនើម​ទទឹក​ខ្លាំងពេក​យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ស្ងួត (​ក) ចាក់​ច្របល់​គ្នា​ជាមួយ​ល្បាយ​សំនើម     (​គ)​ រហូតដល់​បាន​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ ។​
​      - បើសិន​ល្បាយ​សំនើម (​គ) មាន​សំនើម​ស្ងួត​ពេក យើង​ត្រូវ​លាយ​បន្ថែម​ល្បាយ​ទឹក (​ខ)​ រហូតដល់​បាន​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ) ។​
​ ​
​ ​+ វិធី​ផ្អាប់​ជី​
​      - ដំបូង​យក​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ លើក​ជា​រង ឬ​ថ្នាល​នៅ​កន្លែង​ណា​ដែល​ចាក់សាប​ឬ​ដី​ទីទួល​ស្ងួត​ម្លប់ មិន​ត្រូវ​ថ្ងៃ ទឹក និង ភ្លៀង ។​​ ​ការយក​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ លើក​ជា​រង​បន្លែ​មាន​កំពស់ ១៨ ស​.​ម ទៅ ២០ ស​.​ម ឯ​បណ្ដោយ និង ទទឹង តំរូវ​តាម​សំបកបាវ​សំរាប់​គ្រប​ផ្អាប់​ជី ។​
​       - យក​សំបកបាវ​ក្រចៅ​មក​គ្រប​ពីលើ​រង ឬ​ថ្នាល​ឲ្យ​ជិត​ល្អ នោះ​គេ​ហៅថា​ការ​ផ្អាប់​ជី ។​


​ ​+ ការថែរក្សា​កំឡុងពេល​ផ្អាប់​ជី​
       - ការ​ផ្អាប់​ជី​មាន​រយៈពេល ៧ ថ្ងៃ ទើប​អាច​ក្លាយ​ជា​ជី​ស្ងួត   ​អង្កាម​រស់ បើសិនជា​បរិយាកាស​សើម ឬ​ត្រជាក់​ខ្លាំង រយៈពេល​    អាច​លើសពីនេះ ឯ​កំដៅ​ក៏​ប្រែប្រួល​ខ្លះៗ​ដែរ ។​
​       - ថ្ងៃទី ១ : គិត​ចាប់ពី​ថ្ងៃ​លើ​ករង គ្រប​បាវ​ផ្អាប់​ទុក​ល្បាយ​     សើម​ជី​អង្កាម​រស់ (​ឃ) ឲ្យបាន​រយៈពេល ២៤ ម៉ោង ។ យើង​បើក​សំបកបាវ​ចេញ កំដៅ​ក្នុង​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ ប្រហែល  ៣៥ ទៅ ៤០ អង្សា​សេ និង​មាន​ផ្សិត​ខ្លះៗ​នៅ​ពី​លើ​ល្បាយ ។      យើង​ជ្រោយ​សើម​ជី​អង្កាម​រស់ (​ឃ) ឲ្យ​ស្ដើង​បន្តិច ៥ ទៅ ១០ ស​.​ម ឬ (៥ ហ៊ុន ទៅ ១០ ហ៊ុន) ។ ទុក​សំដិល ​រយៈពេល​ពី ១០ ទៅ ១៥ នាទី ដើម្បី​បន្ថយកំដៅ​មក​នៅ ១៥ ទៅ ២៥ អង្សា​សេ​វិញ ។        យើង​បន្ត​អនុវត្ត​លើ​ករង​គ្រប​បាវ​ដូច​លើកដំបូង ។​
​       - ថ្ងៃទី ២ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ​សើម​ជី​អង្កាម​   រស់  (​ឃ) លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សា​សេ​) និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១) ។​
​       - ថ្ងៃទី ៣ : សកម្មភាព​ធ្វើ​ដូច​ថ្ងៃទី ១ តែ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ លើក​នេះ​កំដៅ​ខ្លាំង​ជាង​ថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សា​សេ​) និង​ផ្សិត​សមាន​ច្រើនជាង​ថ្ងៃទី ១-២) ។ កំដៅ​នៅ​ក្នុង​ថ្ងៃនេះ​បើ​យើង​    កប់​ពងមាន់​នឹង​អាច​ចំអិន​បាន ។ ចំណែក​ផ្សិត​វិញ​មាន​នៅ​ពាស​ពេញ​ក្នុង​ល្បាយ​នេះ ។ កំដៅ​កើតមាន​រហូត​ដល់ ៥០អង្សា​សេ      នេះ​គឺ​បាក់តេរី អ៊ី អ៊ិក្ស អិម កំពុងតែ​បញ្ចេញ​សក្ដានុពល​សំលាប់​ ពពួក​បាក់តេរី​អាក្រក់ និង​កាច់​បំលែង​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ ជា​អាហារ​របស់​រុក្ខជាតិ ។ ដូចនេះ​ក្រោយពី​ជ្រោយ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ ហើយ​ទុក​ហាល​សំដិល​ចោល​រយៈពេល ៤ ថ្ងៃ យ៉ាងតិច លៃ​យ៉ាង​យ៉ាង​ឲ្យ​ល្បាយ​សើម​ជី​អង្កាម​រស់ (​ឃ)​ ស្ងួត​ល្អ​ ទើប​យក​ទៅ​ប្រើប្រាស់​បាន ។ កាលណា​យើង​ច្រក​បាវ​ហើយ​នៅតែ​មាន​កំដៅ ត្រូវ​យក​វា​មក​ហាល​សំដិល​ម្ដងទៀត ។ បើសិនជា​ការអនុវត្ត​ន៍​លើ​ការធ្វើ​ជី​មិន​ដូច​ការរៀបរាប់​ខាងលើ​នោះ​វា​មិន​ ត្រឹមត្រូវ​ទេ ។ យើង​ត្រូវ​យក​ល្បាយ​នោះ​ទៅ​ហាល​សំដិល​ឲ្យ​ស្ងួត ហើយ​យើង​ធ្វើ​សារជាថ្មី​ម្ដងទៀត ។​
​      - ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុក​ហាល​សំដិល​ល្បាយ​    សើម​ជី​អង្កាម​រស់ (​ឃ) ឲ្យ​ស្ងួត ។​
​ ​

+ ឧទាហរណ៍​គំរូ​ដែល​បាន​អនុវត្តន៍​កន្លងមក​ដោយ​កំនត់​យក​ធុង   ​ស្ពែ​ត្រូ​ជា​ខ្នាត​រង្វាស់​       - ល្បាយ​ស្ងួត (​ក) : មាន​០១​ ​អង្កាម​រស់ (​ម៉ាស៊ីន​ធំ) ​ ​កំនត់​យក ចំនួន ៤ ធុង​ស្ពែ​ត្រូ​​ ០២​ ​លាមក​សត្វ​គ្រប់​ប្រភេទ​ ​ ​កំនត់​យក ចំនួន៤ ធុង​ស្ពែ​ត្រូ​​ ០៣​ ​កន្ទក់ (​ម៉ាស៊ីន​ធំ)​​ ​ ​កំនត់​យក ចំនួន ៤ ធុង​ស្ពែ​ត្រូ​​យក​វត្ថុ​ធាតុ​ទាំងនេះ ច្របល់​ចូលគ្នា ឲ្យ​សព្វ​បង្កើតបាន​ជា​ល្បាយ (​ក)​ ។​
- ល្បាយ​ស្ងួត (​ខ)​ : មាន​០១​ ​ទឹកស្អាត​ ​ ​កំនត់​យក ចំនួន ៣ ធុង​ស្ពែ​ត្រូ​​ ​ក្នុង ១ ធុង​ស្ពែ​ត្រូ​មាន​ចំណុះ​ទឹក ២០ លីត្រ លាយ​មេ អ៊ី អ៊ិក្ស អិម ៤០ សេ​សេ និង​កាក​ស្ករ ៤០ សេ​សេ កូរ​ចូល​គ្នា​ឲ្យ​សព្វ ។ យើង​ចាក់​ចំនួន ៣ ធុង​ស្ពែ​ត្រូ លើ​ល្បាយ​ស្ងួត (​ក)​ ច្របល់​ឲ្យ​សព្វ​ស្មើ​សាច់​គ្នា​បាន​ល្បាយ​សើ​ម ៥០ ភាគរយ ឬ​ល្បាយ​សំនើម (​ឃ)​ តែម្ដង ។ បន្ទាប់មក​យើង​អនុវត្តន៍​តាម​វិធី​ផ្អាប់ និង​វិធី​ថែរក្សា​ជី​ជា​ការ​ស្រេច ។​

៥- ការកត់សំគាល់​លើ​ធាតុ​ផ្សំ​


​ ​ក​- ធាតុ​ផ្សំ :


​ + ចំពោះ​លាមក​សត្វ​គ្រប់​ប្រភេទ​


​ ​      ​- បើ​យើង​ជ្រើសរើស​លាមក​សត្វ​ជើង​ពីរ​មក​ផ្សំ​ធ្វើ​ជា​ជី នោះ​ជី​ដែល​ផ្សំ​បាន​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​លើ​ដំណាំ​យក​ផ្លែ ដូចជា​ល្មុត ល្ហុង ស្រូវ ស្វាយ ប៉េង​បោះ​ ៘​
​ ​      ​- បើ​យើង​ជ្រើសរើស​លាមក​សត្វ​ជើង​បួន (​សត្វ​ស៊ី​ស្មៅ​ជា​អាហារ សំបូរ​ជាតិ​អាសូត​ច្រើន​) មក​ផ្សំ​ជា​ជី ជី​ដែល​ផ្សំ​បាន​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង​លើ​ដំណាំ​យក​ស្លឹក ដូចជា​ត្រកួន ស្ពៃ និង​បន្លែ​ផ្សេងៗ​ទៀត ។​
​      ​ ​- កត្តា​ទាំងនេះហើយ ដើម្បី​ឲ្យ​ជី​ដែល​ផលិត​បាន​អាច​ប្រើប្រាស់​ទូទៅ យើង​ត្រូវ​ជ្រើសរើស​លាមក​សត្វ​ចំរុះ​គ្នា​មក​លាយ​ផ្សំ​ជា​ការល្អប្រសើរ​បំផុត ។​
​      ​ ​- ចំពោះ​លាមក​សត្វ​គោ​ក្នុង​ភាព​ជា​ល្បាយ ឬ​ទឹក មាន​អាសូត (N) ពី 0.4-1.3%, ជាតិ​ប៉ូ​តា​ស្យូម (K) : 0.5-2.3% និង ផូស្វ័​រ (P) : 0.1% ។ រីឯ​ពេល​វា​ស្ងួត​វិញ​មាន (N) : 0.3-0.6%, (P) :17-0.41%, (K) : 0.1-0.3% បរិមាណ​ជី​តិច​ជាង​លាមក​សត្វ​សើ​ម ។ យើង​ប្រើ​សើម​ចំណេញ​ជាង​ស្ងួត តែ​ពិបាក​ដឹកជញ្ជូន (​ធ្ងន់​) ។​

 + ចំពោះ​អង្កាម​រស់​

​      ​ ​- អង្កាម​ម៉ាស៊ីន​ធំ​យក​មក​លាយ​ផ្សំ​ធ្វើ​ជី​ល្អ​ណាស់ តំរូវ​នឹង​លក្ខខ័ណ្ឌ​អតិសុខុមប្រា​ណ អ៊ី អ៊ិក្ស អិម រស់នៅ ហើយ​សំបូរ​អាហារ​សំរាប់​វា​ស៊ី​ទៀតផង ។ ក្នុង​អង្កាមរ​ស់មាន អា​សូត ផូស្វ័​រ ប៉ូ​តា​ស្យូម ដូច​រុក្ខជាតិ​ស្ងួត​ដែរ ។ កាលណា​យើង​ប្រើ​អង្កាម​ម៉ាស៊ីន​តូច​គុណភាព​ដូច​គ្នា​តែ​កំដៅ​មិនសូវ​ខ្លាំង​ទេ ។ ស្មារតី​ដំបូង​គឺ​សំដៅ​ធ្វើ​ជី​យកទៅ​ដាក់​ស្រែ ។ ប្រសិន​បើ​យក​រុក្ខជាតិ​ណា​មក​ធ្វើ​ជី ហើយ​យក​ជី​ដែល​ផលិត​បាន​នោះ​ប្រើ​ទៅលើ​រុក្ខជាតិ​នោះ​វិញ វា​នឹង​មាន​ប្រសិទ្ធិភាព​ខ្ពស់​បំផុត ។​
​ ​      ​- យើង​អាច​យក​រុក្ខជាតិ​ផ្សេងទៀត​កិន​ម៉ត់ ដូចជា​កំទេចកំទី អាចម៍រណារ​មក​ជំនួស​ធ្វើ​ក៏​បាន​ដែរ ។ បើសិនជា​យក​អាចម៍រណារ​កៅស៊ូ ហើយ​ប្រើ​លើ​ដំណាំ​កៅស៊ូ កៅស៊ូ ​នោះ​ល្អ​ណាស់ ។​
​ ​      ​- បើសិន​មាន​សន្តី​ស្រូវ (​ស្រូវ​ដែល​ស្កក​) យកមក​ជំនួស​អង្កាម​រស់​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។​
     ​ ​ ​- បើ​មាន​កាក​ដួង​មក​ជំនួស​ក៏បាន តែ​ពុំ​សូវ​ល្អ​ទេ ។​

 + ចំពោះ​កន្ទក់​

      ​ ​- កន្ទក់​ម៉ត់​ល្អ គុណភាព​ជី​ដែល​ធ្វើ​បាន​សំរេច​ក៏​កាន់តែ​ល្អ​ដែរ ។ ម៉ាស៊ីន​ធំ​ល្អ​ជាង​ម៉ា​ស៊ី​តូច ព្រោះ​ប្រសិនបើ​យក​កន្ទក់​ម៉ាស៊ីន​តូច​មក​ធ្វើ​កំដៅ​មិនសូវ​ជា​បានល្អ​ទេ ។ គេ
​អាច​ជំនួស​ដោយ​ចុង​អង្ករ​បាន ព្រោះ​វា​មាន​ប្រសិទ្ធិភាព​ខ្ពស់​ដូច​កន្ទក់​ម៉ត់​ដែរ ។​
​ ​     ​- ចំពោះ​ដំឡូង​មី​យើង​អាច​ជំនួស​វា​បានដែរ តែ​ត្រូវ​ប្រើ​ច្រើន​ទើប​ធ្វើឲ្យ​ជី​ដែល​ផលិត​បាន​មាន​គុណភាព​ស្មើ​នឹង​កន្ទក់​ម៉ត់ ។​
​ ​កាលណា​យើង​បន្ថយ​បរិមាណ​កន្ទក់​កាន់តែ​តិច​ទៅៗ ជី​ដែល​យើង​ផលិត​បាន ក៏​មាន​គុណភាព​អន់ថយ​ទៅ​តាម​បរិមាណ​កន្ទក់​ដែល​យើង​បាន​ដាក់​នោះដែរ ។​

 ​ខ​- ខ្នាត​រង្វាល់​

      - កាលណា​យើង​កំនត់​ខ្នាត់​រង្វាស់ យើង​ត្រូវ​កំនត់​សំភារៈ​ទាំងនោះ​ជា​ខ្នាត​សំរាប់​ប្រើប្រាស់​ក្នុង​ពេល​អនុវត្ត​តែ​ម្ដង ។ សូម​ចាំ​ថា​ការអនុវត្តន៍​ខ្នាត​រង្វាល់ មិន​អាច​គិត​ជា​គីឡូក្រាម​ជាដាច់ខាត គេ​គិត​វា​ជា​ខ្នាត ទំហំ រឺ បរិមាណ ។ បើ​យើង​កំនត់​ថា​ខ្នាត​រង្វាល់​ជា​ធុង​ស្ពែ​ត្រូ​យើង​ត្រូវ​យក​ធុង​នេះ​ជា​ខ្នាត​រង្វាល់​មិន​អាច​ប្ដូរ​បាន​ទេ ។​

៦- កំរិត​ប្រើប្រាស់​ជី​

      ​- ជី​នេះ​ប្រើប្រាស់​ទៅលើ​ដំណាំ និង​ការព្យាបាល​ដី​ខូចគុណភាព​គ្រប់​ប្រភេទ ។​
​ ​     - ចំពោះ​ការ​ទ្រាប់​បាត​រណ្ដៅ​សំរាប់​ដាំ​រុក្ខជាតិ​ថ្មី​មាន​ដូចតទៅ :
​ ​        ក - បើសិនជា​រុក្ខជាតិ​ដើមឈើ​ហូប​ផ្លែ​ក្នុង ១ រណ្ដៅ ១ គីឡូក្រាម ច្របល់​ដាំ​ជាមួយ​ដីស្រទាប់លើ​ឬ​ស្មៅ​ស្ងួត​ចិញ្ជ្រាំ ឬ​លាមក​សត្វ​គ្រប់​ប្រភេទ​ស្រោច​ទឹក គ្រប​ចំបើង ទុកចោល
​រយៈពេល ៧ ទៅ ១៥ ថ្ងៃ ។​
​         ​ខ - បើ​រុក្ខជាតិ​ជា​វល្លិ៍​វិញ​ត្រូវ​ដាក់ ២ ខ្លាំ ច្របល់​ជាមួយ​ដីស្រទាប់លើ ហើយ​ដាក់​គ្រាប់​ដាំ​តែម្ដង ។ មុន​នឹង​ប្រើប្រាស់​សូម​អាន​វិធី​កប់​ជី​ជាមុនសិន ។
​         ​គ - ចំពោះ​ការប្រើ​ទ្រាប់​បាត​រង​បន្លែ​លើក​ទី ១ រោយ ១ គីឡូក្រាម​សំរាប់​ផ្ទៃដី ១ ម៉ែត្រការ៉េ ។ ភ្ជួរ​លប់​ហើយ​រោយ​លប់​ជី​ជា​លើក​ទី ២ ចំនួន​ដដែល ទុកចោល ៧ ថ្ងៃ ។ សូម​អាន​វិធី ​ដាំ​បន្លែ ។​
        ​ ​ឃ - ចំពោះ​ដំណាំ​ដែល​បាន​ដាំ​ហើយ​ត្រូវអនុវត្ត​តាម​វិធី​កប់​ជី ។​
​         ​ង - អនុវត្ត​វិធី​កប់​ជី​ទៅ​តាម​សំយាប​មែក​របស់​រុក្ខជាតិ ចំពោះ​រុក្ខជាតិ​ធំៗ​យក​ផ្លែ​ក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម ។ សូម​អាន​មេរៀន​វិធី​កប់​ជី ។​
​ ​        ច - ចំពោះ​បន្លែ​ដែល​បាន​ដាំ​ហើយ​ត្រូវ​ប្រើ​ក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម រោយ​នៅក្បែរៗ​គល់​បន្លែ ។​
​         ​ឆ - ចំពោះ​ដំណាំ​វល្លិ៍​ដែល​បាន​ដាំ​ហើយ ត្រូវ​ប្រើ​ក្នុង ១ ម៉ែត្រការ៉េ ២ ខាំ រោយ​នៅក្បែរៗ​គល់ ។​
​         ​ជ - ចំពោះ​ស្រូវ ១ ម៉ែត្រការ៉េ រោយ ២ ខាំ ទៅ ៤ ខាំ ដើម្បី​ទ្រាប់​បាត ។ សូម​អាន​វិធី​ធ្វើ​ស្រែ ។​ ​
​ ​        ឈ - ចំពោះ​រុក្ខជាតិ​មាន​អាយុ ១ ឆ្នាំ ត្រូវ​កប់ ១ គីឡូក្រាម​ជី​អង្កាម​រស់ ។ សូម​អាន​វិធី​កប់​ជី ។​
​         ​ញ - ដី​មាន​តុល្យភាព pH ចាប់ពី 6 ទៅ 6.5 ថេរ​ជានិច្ច សមស្រប​នឹង​ការលូតលាស់​របស់​រុក្ខជាតិ ។​
​ ​        ដ - ដី​សំបូរ​បាក់តេរី​ល្អ​ច្រើន ។ សភា​ពដី​មិន​ប្រែប្រួល​ប្រើ​ច្រើន​កាន់តែ​វិវត្តន៍​ទៅ​រក​ធម្មជាតិ​ពិតៗ ។​

៧- ការ​រក្សាទុក​

 ​     - ជី​ស្ងួត​អង្កាម​រស់​អាច​រក្សាទុក​បាន​រយៈពេល ១ ឆ្នាំ ដោយ​កុំ​ឲ្យ​ត្រូវ​ថ្ងៃ និង ទឹក ។​
​      ​- កាលណា​ត្រូវ​ទឹក វា​ចាប់បំលែង​ខ្លួន​ភ្លាម (​ធ្វើការ​) ។​

៨- ផលប្រយោជន៍​

       ​- ជី​នេះ​ជួយ​បង្កើន​ការលូតលាស់​ត្រួយ​រុក្ខជាតិ​គ្រប់​ប្រភេទ​ដូចជា ស្រូវ បន្លែ ដើម​រុក្ខជាតិ ដើម​ផ្កា ជាពិសេស​ដំណាំ​ហូប​ផ្លែ ឲ្យ​លូតលាស់​បានល្អ ។​
     ​ ​- រុក្ខជាតិ​មាន​ពណ៌​ខៀវ​ក្រ​ម៉ៅ ត្រួយ​លូត​វែងៗ និង​មាន​សុខភាព​ល្អ ធន់​នឹង​កំដៅ និង​មិន​ត្រូវបាន​បំផ្លាញ ដោយ​សត្វល្អិត​ស៊ី​ឡើយ ។​
     ​ ​- ជួយ​បង្កើន​គុណភាព​ដី​ឲ្យមាន​ជីវជាតិ​ល្អ បាក់តេរី​កើតឡើង​វិញ​យ៉ាងច្រើន ។​
​      ​- កប់​ជី​ក្នុង​ដី​ទៅ​តាម​សំយាប​មែក​របស់​រុក្ខជាតិ ធ្វើ​ឲ្យ​ផ្លែ​ដែល​ទទួលបាន​មាន​ទំហំ​ធំ ។​
​      ​- កាលណា​ប្រើ​វា​កាន់តែ​ច្រើន ដី​របស់​លោក​អ្នក​កាន់​តែ​ផុស​ទៅៗ ហើយ​ការចំណាយ​កាន់តែ​តិច​ទៅៗ ។​
​      ​- ក្រោយ​រយៈពេល ៣ ឆ្នាំ ដី​របស់​លោក​អ្នក​ជា​ដី​មាន​ជីជាតិ​ល្អ​ហើយ​ពេលនោះ យើង​មិន​បាច់​ចំណាយលុយ ដើម្បី​ទិញ​ជី​ផ្សេងៗ​ទៀត​ទេ ព្រោះ​ដី​នោះ​ជា​ដី​សំបូរ​ដោយ​ជីវចំរុះ​ច្រើន ។​

៩- ការចំណាយ​

      ​- ការចំណាយ​លើ​ការផលិត​ជី​អង្កាម​រស់ (​ប្រសិន​បើ​ចាប់​ពី ១ តោន​ឡើងទៅ​) ប្រហែល ១២០០ រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម ៕

No comments

Post a Comment